កំពង់ឆ្នាំង៖ យុទ្ធនាការផលិតផលជាតិ កំពុងដំណើរការយ៉ាងសកម្មនៅក្នុងក្រុងកំពង់ឆ្នាំង ដោយមានការចុះសម្របសម្រួលពីមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំង។
យុទ្ធនាការនេះ រួមមានផ្សារទំនើបចំនួនពីរ គឺ ផ្សារទំនើបស៊ីត្រា និង ផ្សារឡាក់គីមីនី ដែលកំពុងផ្តល់កន្លែងដាក់តាំងលក់ផលិតផលជាតិខ្មែរ គ្រប់ប្រភេទ។
មន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ទាំងអ្នករស់នៅក្នុងខេត្ត និងអ្នកធ្វើដំណើរឆ្លងកាត់ សូមមេត្តាចូលរួមគាំទ្រផលិតផលជាតិដែលមានលក់នៅទីតាំងខាងលើ។
ការគាំទ្រនេះ មិនត្រឹមតែបង្ហាញពីស្មារតីស្នេហាជាតិ និងមាតុភូមិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរួមចំណែកអភិវឌ្ឍន៍ផលិតផលខ្មែរ ឱ្យកាន់តែមានគុណភាពខ្ពស់ និងអាចប្រកួតប្រជែងបាននៅលើឆាកអន្តរជាតិផងដែរ។
យុទ្ធនាការផលិតផលជាតិ គឺជាផ្នែកមួយនៃគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក គាំទ្រកសិករ និងផលិតករខ្មែរ ព្រមទាំងជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។
បងប្អូន សូមចូលរួមគាំទ្រផលិតផលជាតិ ដើម្បីជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិយើង។
ប្រភព: មន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំង។
