ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាត្រូវមានម្ចាស់ការដោយខ្លួន ឯង និងប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Scam Online) ដើម្បីលុបបំបាត់បញ្ហានេះចេញពីប្រទេស។
សម្តេចធិបតីបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ ឱ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ រួមមាន ខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងខេត្តមណ្ឌលគិរី ដែលជាគម្រោងហិរញ្ញប្បទាន ពីថវិកាជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ថា កន្លងមកមានបញ្ហាមួយចំនួន រួមទាំងបទល្មើស Scam Online បានជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជា ប៉ុន្តែបញ្ហានេះមិនមែនជាបញ្ហាដាច់ដោយ ឡែករបស់កម្ពុជានោះទេ។ ដើម្បីដោះស្រាយបញ្ហានេះ កម្ពុជាត្រូវតែមានម្ចាស់ការដោយខ្លួនឯង និង ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធ និងបង្ក្រាប បទល្មើសនេះឱ្យបានមែនទែន។
សម្តេច ធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈបញ្ជាការខេត្ត ដែលបានបង្ហាញការ ប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសនៅខេត្តស្វាយរៀង ដើម្បីកុំឱ្យខេត្តនេះមានកេរ្តិ៍ឈ្មោះអវិជ្ជមានពីបញ្ហា Scam Online។ សម្តេចបានគូសបញ្ជាក់ថា សេដ្ឋកិច្ចពណ៌ខ្មៅ និងសេដ្ឋកិច្ចប្រផេះ បានប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដូច្នេះត្រូវធ្វើឱ្យសេដ្ឋកិច្ចពណ៌សដើរមុខគេ រួមមានរោងចក្រ និងសហគ្រាស ដើម្បីបង្កើតឱកាសការងារជាបន្តបន្ទាប់ មិនត្រឹមតែនៅក្រុងបាវិតប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រីកទៅដល់ខេត្តផ្សេងៗទៀតផងដែរ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យអភិបាលខេត្តស្វាយរៀង គណៈបញ្ជាការខេត្ត គណៈបញ្ជាការឯកភាព និងជាពិសេសនៅក្រុងបាវិត ព្រមទាំងក្រុង ស្រុកទាំងអស់ ត្រូវខិតខំរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ព្រោះសន្តិសុខ និងសណ្តាប់ធ្នាប់ គឺជាកត្តាសំខាន់ដែលប៉ះពាល់ដល់រូបភាព និងកេរ្តិ៍ឈ្មោះរបស់ខេត្ត។
សម្តេចបានមានប្រសាសន៍បន្តថា បើសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ នោះនឹងបង្កើតបរិយាកាសវិនិយោគល្អ ទាក់ទាញអ្នកវិនិយោគ និងបង្កើនទំនុកចិត្តឱ្យមានក្តីសង្ឃឹមថា ក្នុងរយៈពេល២០ឆ្នាំខាងមុខ រោងចក្រ និងសហគ្រាសនឹងមិនត្រឹមតែមាននៅក្រុងបាវិតប៉ុណ្ណោះទេ ប៉ុន្តែនឹងកើតមានជុំវិញខេត្តស្វាយរៀងទាំងមូល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមន្ត្រី និងប្រជាពលរដ្ឋទាំងអស់រួមគ្នាអនុវត្តឱ្យបានជាក់ស្តែង ដើម្បីធានាឱ្យកម្ពុជាក្លាយជាប្រទេសមានសន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព៕
