ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវអញ្ជើញជាធិបតីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ និងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ÷ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកជំទាវ កែ សួនសុភី បានអញ្ជើញជាធិបតី ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ និងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៦ ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា អភិបាលរាជធានីក្រុង ខេត្ត ប្រតិភូអមដំណើរ និងមន្ត្រីរាជការ កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ធជាច្រើននាក់ ។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា នេះគឺជាលើកដំបូងបំផុតនៅកម្ពុជាដែលបានបង្កើតនូវសួនសុវត្ថិភាពចរាចរណ៍ ដែលបានធ្វើដំបូងគេនៅលើទឹកដីនៃខេត្តកំពង់ឆ្នាំង ។ ការបង្កើតសួនសុវត្ថិភាពចរាចរណ៍គឺ បង្ហាញដល់សាធារណៈជនឱ្យចូលសិក្សាស្វែងយល់បន្ថែមលើអ្វីដែលបានរៀននៅសាលាបើកបរ ដើម្បីពង្រឹងការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ។ សួនសុវត្ថិភាពចរាចរណ៍ជាសួនដែលបង្កើតនៅតាមសាលា ដោយមានការដាក់បញ្ចូល ហ្គារ៉ាស់សាំងសប្បនិម្មិត ផ្លូវ គន្លងចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ ឬស្លាកសញ្ញាចរាចរណ៍ព្រមទាំងមានអ្វីៗផ្សេងទៀតដែលពាក់ព័ន្ធនឹងការធ្វើដំណើរ។ ការរៀបចំបង្កើតសួនសុវត្ថិភាពចរាចរណ៍ គឺដើម្បីពង្រឹងការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ ដល់សិស្សានុសិស្ស និងសាធារណជនទូទៅ ក្នុងគោលបំណងធានាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការពារអាយុជីវិតប្រជាពលរដ្ឋផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា សួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំងដែលបានដាក់សម្ពោធនាពេលនេះ ប្រៀបបានជាកន្លែងនៃទីសាធារណៈជាក់ស្តែង ក្នុងការធ្វើចរាចរណ៍ នៅលើដងផ្លូវ ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ទៀតថា សួនសុវត្ថិភាពចរាចរណ៍គឺបង្ហាញដល់ សាធារណៈជនឱ្យចូលរួមទាំងអស់គ្នា គឺដើម្បីពង្រឹងការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ ដល់សិស្សានុសិស្ស និងសាធារណជនទូទៅ ក្នុងគោលបំណងធានាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការពារអាយុជីវិត ។ តាមរយៈនៃសួនសុវត្ថិភាពចរាចរណ៍នាពេលនេះ គឺនឹងបានផ្តល់នូវចំណេះដឹងដ៍ធំទូលាយមួយដល់មហាជនគ្រប់រូប បានធ្វើការសិក្សាស្វែងយល់ពីកិច្ចការធ្វើចរាចរណ៍នៅលើដងផ្លូវប្រកបដោយសុវត្ថិភាព ។
ឯកឧត្តម ស សុខា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍អោយនៅកំរិតទាបបំផុត ។