សាលាបឋមសិក្សា៣ខេត្តកំពង់ឆ្នាំង រៀបចំហ្វឹកហាត់សិស្ស ត្រៀមចូលរួមទិវាអប់រំកាយថ្នាក់ជាតិលើកទី៦

កំពង់ឆ្នាំង៖ សាលាបឋមសិក្សាចំនួន៣ក្នុងខេត្តកំពង់ឆ្នាំង បាននិងកំពុងរៀបចំហ្វឹកហាត់សិស្សយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមចូលរួមអបអរសាទរ ទិវាអប់រំកាយថ្នាក់ជាតិលើកទី៦ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ នៅពហុកីឡាដ្ឋានខេត្តកំពង់ឆ្នាំង។

លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ថា សាលាទាំង៣កំពុងខិតខំហ្វឹកហាត់កម្មវិធីផ្សេងៗ រួមមាន ល្បែងកីឡា របាំ និងការបង្ហាញសមត្ថភាពផ្លូវកាយ ដើម្បីធានាឱ្យកម្មវិធីទាំងមូលទទួលបានជោគជ័យ និងបង្ហាញពីសមត្ថភាពរបស់សិស្សានុសិស្សខេត្តកំពង់ឆ្នាំង។

លោកបានបន្តថា ទិវាអប់រំកាយថ្នាក់ជាតិលើកទី៦ នេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់សុខភាព និងការអភិវឌ្ឍរាងកាយរបស់យុវជន ពិសេសសិស្សានុសិស្ស និងជាឱកាសមួយដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃការហាត់ប្រាណ និងកីឡា។

កម្មវិធីនេះ ត្រូវបានរំពឹងថានឹងមានការចូលរួមពីសិស្សានុសិស្ស គ្រូបង្រៀន មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ច្រើននាក់។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ការរៀបចំហ្វឹកហាត់កំពុងដំណើរការទៅតាមផែនការ និងមានការគាំទ្រពីអាជ្ញាធរខេត្ត ព្រមទាំងអង្គភាពពាក់ព័ន្ធទាំងអស់។