កំពង់ឆ្នាំង៖កិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិ ទី៤របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានបើកយ៉ាង ផ្លូវការនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង លោក អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត។
អង្គប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន និងអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អាជ្ញាធរក្រុង-ស្រុកទាំង៨ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍។
កិច្ចប្រជុំបានដំណើរការតាមរបៀបវារៈសំខាន់ៗចំនួន៣ធាតុ៖
១. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។
២. ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត រួមទាំងលើកទិសដៅអនុវត្តបន្ត។
៣. បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងការអនុវត្តការងារ វាយតម្លៃលទ្ធផលការងារប្រចាំខែ និងកំណត់ទិសដៅបន្តឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញការអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងឱ្យកាន់តែលឿន និងប្រកបដោយនិរន្តរភាព។
