កំពង់ឆ្នាំង៖ គណៈប្រតិភូខេត្តអានយ៉ាង ប្រទេស វៀតណាម ដឹកនាំដោយលោកស្រី ជិន ធិថាញ់ ហឿង (Chin Thi Thanh Huong) ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្ត អានយ៉ាង នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជូនពរដល់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ។
ក្នុងឱកាសនេះ លោកស្រី ជិន ធិថាញ់ហឿង បាន សម្តែងនូវសេចក្តីសោមនស្សរីករាយ ជូនពរឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងទាំងអស់។ លោកស្រីក៏បានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អយ៉ាងរឹងមាំរវាងខេត្តអានយ៉ាង និងខេត្តកំពង់ឆ្នាំង ដែលកំពុងរីកចម្រើនជាបន្តបន្ទាប់។
លោក ស៊ុន សុវណ្ណារិទ្ធិ សម្តែងនូវមនោសញ្ជេតនារីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈ ប្រតិភូខេត្តអានយ៉ាង ប្រទេសវៀតណាម ដឹកនាំដោយលោកស្រី ជិន ធិថាញ់ហឿង (Chin Thi Thanh Huong) និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូខេត្តអានយ៉ាង ដែលបានឆ្លៀតពេលវេលាដ៏មមារញឹកមកជូនពរផ្ទាល់។ ជាមួយគ្នានេះភាគីទាំងពីរក៏បានផ្តោតពីការពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងពាណិជ្ជកម្ម ទេស ចរណ៍ និងវប្បធម៌ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នាពេលអនាគត ៕
