ក្រសួងការងារ ប្រកាសពីថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ ២០២៦

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការអនុវត្ដការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ។ ដោយក្នុងនោះក្រសួងបានកំណត់ឲ្យកម្មករនិយោជិត ដែលធ្វើនៅរោងចក្រសហគ្រាសទាំងអស់ឈប់សម្រាកចំនួន ៣(បី) ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៦ និងត្រូវសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួលខែមេសា ដែលកម្មករនិយោជិតត្រូវទទួលបានលើកទី១ ឱ្យបានមុនថ្ងៃ ឈប់សម្រាក។

ក្រសួងការងារបានចេញបញ្ជាក់ទៀតថា ចំពោះ សហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅ ជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបានហើយ ការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុង ពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់ សហគ្រាស គ្រឹះស្ថាន ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃឈប់សម្រាកបុណ្យ ដោយផ្លាស់ប្តូរវេនគ្នា។

ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោ ជិតសាមីនិងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់ សហគ្រាស គ្រឹះស្ថានដែលត្រូវបានចុះទិដ្ឋាការដោយអធិការការងារ ឬអនុសញ្ញារួមដែលត្រូវបានចុះបញ្ជីនៅក្រសួង ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណា មួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសលេខ២១៨/២៤ ក.ប/ប្រ.ក.អ.ធ.ក ខាងលើ៕