ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយនាយកដ្ឋានអធិការកិច្ចជលផល និងអាជ្ញាធរស្រុកព្រៃឈរ បានចុះបំផ្លាញឧបករណ៍ល្មើសនេសាទ និងលែងកូនត្រីចម្រុះជាង ១០គ.ក្រ ចូលបឹងធម្មជាតិវិញ

កំពង់ចាមៈ ក្រោមការដឹកនាំ ពី ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការសម្របសម្រួល ពី ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នាថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយនាយកដ្ឋានអធិការកិច្ចជលផល នៃអគ្គនាយកដ្ឋានជលផល និងអាជ្ញាធរស្រុកព្រៃឈរ បានរុះរើបំផ្លាញឧបករណ៍ល្មើសនេសាទជាច្រើនកន្លែង និងលែងកូនត្រីចម្រុះជាង ១០ គ.ក្រ ចូលបឹងធម្មជាតិវិញ នៅក្នុងបេសកកម្មចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ០១ ករណី នៅចំណុចស្ទឹងជ្រៅ ឃុំមៀន ស្រុកព្រៃឈរ ។

ប្រភពពីមន្ត្រីជលផល បញ្ជាក់ថា ក្នុងការចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើស ខាងលើ ជំនាញបានបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ រួមមាន ៖ ឧបករណ៍លូស្បៃមុងចំនួន ០៧មាត់ របាំងស្បៃមុងប្រវែង ២២០ម៉ែត្រ និងបង្គោល ចំនួន ១១០ដើម ព្រមទាំង ចាក់លែងត្រីចម្រុះទម្ងន់ ១៥គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ផងដែរ ៕