ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ចំនួន ១០៧គ្រួសារ នៅឃុំផ្លូវទូក ស្រុកកំពង់លែង

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានអមដំណើរដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង, លោកជំទាវ កែវ ច័ន្ទមុន្នី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង, ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងក្រុមការងារអញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងប្រជាពល រដ្ឋជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ចំនួន ១០៧ គ្រួសារ នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានជម្រាបជូនគណៈអធិបតីឲ្យដឹងថា ប្រជាពល រដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ និងប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ មានចំនួនសរុប ១០៧គ្រួសារ។ ក្នុងនោះ៖

– ភូមិពាមខ្នង៖ រលំទាំងស្រុង ០៦ខ្នងផ្ទះ, របើកដំបូល ១៥ខ្នងផ្ទះ, រងរបួស ៦នាក់ (ស្រី ០៣នាក់)។
– ភូមិថ្នល់ឈើទាល៖ រលំ និងរបើកដំបូល ១៣ខ្នងផ្ទះ។
– ភូមិស្លូត៖ របើកដំបូល ០១ខ្នងផ្ទះ។
– ប្រជាពលរដ្ឋជួបការលំបាកបន្ថែម ៧២គ្រួសារ។

សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣០នាទីយប់ មានភ្លៀងធ្លាក់មួយ មេធំ លាយឡំជាមួយខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៣៥ ខ្នង ក្នុងឃុំផ្លូវទូក។ ក្នុងនោះ ផ្ទះ ០៦ខ្នង រលំដួលទាំងស្រុង និងមានប្រជាពលរដ្ឋ ៦នាក់ រងរបួសស្រាល។

កម្មវិធីនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការគាំទ្រពីថ្នាក់ដឹកនាំខេត្ត រួមទាំងសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង ចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងរងផលប៉ះពាល់ពីគ្រោះធម្មជាតិ។ អំណោយដែលបានចែកជូន រួមមានសម្ភារៈ និងថវិកា ដើម្បីជួយសម្រាលទុក្ខលំបាក និងជួយឱ្យប្រជាពលរដ្ឋអាចជួសជុលផ្ទះសម្បែងបានឆាប់រហ័ស។

ប្រជាពលរដ្ឋដែលទទួលបានអំណោយ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ដែលតែងតែនាំមកនូវក្តីសង្ឃឹម និងការគាំទ្រជាប្រចាំ។