កិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបាន និងដាក់ចេញទិសដៅការងារបន្ត

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋ បាលខេត្តកំពង់ឆ្នាំង ដើម្បីបូកសរុបលទ្ធផលការ ងារដែលបានសម្រេចបានក្នុងរយៈពេលកន្លងមក និងដាក់ចេញទិសដៅការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម ឯកត្តម អភិបាលរងខេត្ត លោក លោកស្រី នាយករដ្ឋ បាលខេត្ត ស្នងការនគរបាលខេត្ត ស្នងការរង មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងអស់ អភិ បាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ និងប្រធានអង្គភាពសាលាខេត្ត។

ក្នុងកិច្ចប្រជុំ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់គ្រប់មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានទាំងអស់ក្នុងការរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត រួមមាន៖

– បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរ។
– បង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព។
– ប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀន។
– ដោះស្រាយបញ្ហាក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ឱ្យបានទាន់ពេលវេលា។
– បង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងគ្រប់គ្រងធនធានធម្មជាតិឱ្យបានល្អ។
– ត្រៀមលក្ខណៈសម្បត្តិ និងអន្តរាគមន៍ឆ្លើយតបជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយគ្រប់ប្រភេទ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានណែនាំឱ្យគ្រប់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនកិច្ចសហការគ្នាឱ្យបានកាន់តែជិតស្និទ្ធ ដើម្បីធានាថា ទិសដៅទាំងនេះនឹងត្រូវបានអនុវត្តឱ្យបានជាក់ស្តែង និងមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីបម្រើ ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងបន្តទៀត៕