វត្តមានកូនផ្សោតទី៦ ក្នុងឆ្នាំ២០២៦ រកឃើញនៅអន្លង់កាំពី ជំរុញចំនួនសរុបកើនដល់ ១១៨ក្បាល

ក្រចេះ៖កូនផ្សោតទន្លេមេគង្គថ្មីមួយក្បាលត្រូវបានប្រទះឃើញនៅក្នុងអន្លង់ផ្សោតកាំពី ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

កូនផ្សោតនេះ ត្រូវបានក្រុមផលិតព័ត៌មាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រទះឃើញដំបូងនៅវេលាម៉ោង ១៥៖២០នាទីរសៀល។ ភ្លាមៗនោះ ក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយអង្គការ WWF បានចុះ ទៅពិនិត្យ និងផ្ទៀងផ្ទាត់ជាក់ស្តែង។

ជាលទ្ធផលក្រុមជំនាញបានសន្និដ្ឋានថា កូនផ្សោត នេះមានអាយុប្រមាណ ៣ថ្ងៃ មានសុខភាពល្អមាំ មួន និងកំពុងហែលលេងយ៉ាងសប្បាយរីករាយជាមួយហ្វូងផ្សោតពេញវ័យចំនួន ៦ក្បាលផ្សេងទៀត។

នេះគឺជាកូនផ្សោតទី៦ ហើយ ដែលត្រូវបានកត់ត្រាទុកក្នុងបញ្ជីសមាជិកថ្មីសម្រាប់ដើមឆ្នាំ២០២៦។ វត្តមានសមាជិកថ្មីនេះ បានធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គសរុបនៅកម្ពុជា កើនឡើងដល់ ១១៨ ក្បាល ដែលជាសញ្ញាណវិជ្ជមានយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់កម្ពុជាកន្លងមក។

តាមរយៈសមិទ្ធផលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តផ្តល់កិច្ចសហការឱ្យបានស្អិតរមួតក្នុងការការពារ «រតនសម្បត្តិជាតិមានជីវិត» មួយនេះ។

ការចូលរួមថែរក្សាបរិស្ថានទន្លេ និងការគោរពតាមការណែនាំរបស់ឆ្មាំទន្លេ គឺជាកត្តាសំខាន់បំផុតដែលអនុញ្ញាតឱ្យកូនផ្សោតតូចៗអាចធំធាត់ដោយសុវត្ថិភាព។

សូមចងចាំថា៖ «ការចូលរួមរបស់បងប្អូន គឺជាដង្ហើមរស់របស់សត្វផ្សោតទន្លេមេគង្គ»៕