កំពង់ឆ្នាំង៖សាខាសមាគមនារីកម្ពុជាដើម្បីសន្តិ ភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានរៀបចំចែកធុងចម្រោះទឹកស្អាត ជូនប្រជាពល រដ្ឋចំនួន ៩០៤ គ្រួសារ មកពី១២ភូមិ ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកជំទាវ កែ ច័ន្ទមុនី បានថ្លែងថាកម្មវិធីចែកធុង ចម្រោះទឹកស្អាតនេះគឺជាការបង្ហាញនូវការយកចិត្ត ទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់។
លោកជំទាវបានបន្តថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានខិតខំស្វែងរកម្ចាស់ជំនួយ រួមទាំងក្រុមហ៊ុន SIPCO ដើម្បីនាំយកធុងចម្រោះទឹកស្អាតមកចែកជូនប្រជាពលរដ្ឋ។ កម្មវិធីនេះក៏ទទួលបានកិច្ចសហការយ៉ាងល្អពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជួយ សម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។
លោកជំទាវ កែ ច័ន្ទមុនី បានណែនាំដល់ប្រជាពល រដ្ឋដែលទទួលបានធុងចម្រោះទឹក ឱ្យយកចិត្តទុក ដាក់ប្រើប្រាស់ លាងសម្អាត និងរក្សាទុកឱ្យបានត្រឹមត្រូវ តាមការណែនាំ ដើម្បីធានាបាននូវគុណភាពទឹកស្អាត និងអោយធុងទាំងនេះប្រើប្រាស់បានយូរអង្វែង ដោយមិនប៉ះពាល់ដល់សុខភាព។
សាខាសមាគមនារីខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នឹងបន្តកិច្ចសហការជិតស្និតជាមួយអនុសាខាសមាគមនារីក្រុង-ស្រុកទាំងអស់ ដើម្បីពង្រីកកម្មវិធីចែកធុងចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋនៅ ឃុំ សង្កាត់ ផ្សេងៗទៀតក្នុងខេត្តកំពង់ឆ្នាំង បន្តទៅមុខទៀត។
កម្មវិធីនេះ គឺជាផ្នែកមួយនៃការរួមចំណែករបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រួមជាមួយក្រុមហ៊ុន SIPCO ក្នុងការលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ និងជួយអភិវឌ្ឍសង្គមកម្ពុជា។
