កំពង់ឆ្នាំង៖ ក្រុមជនល្មើសដែលឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិយ៉ាងព្រហើន ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបទាំងកណ្តាលអាធ្រាត្រ បន្ទាប់ពីនគរបាលអធិ ការដ្ឋាននគរបាលស្រុកជលគិរី បើកប្រតិបត្តិការបង្ក្រាបទាន់ពេលវេលា។
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរម្នាក់ និងដក ហូតត្រាក់ទ័រចំនួន ៣ គ្រឿង ខណៈពេលកំពុងលួច ឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលដើរឆ្លុះកណ្តុរនៅពេលយប់ បានឱ្យដឹងថា នៅវេលាម៉ោង ១១:០០ យប់រំលងអាធ្រាត្រ ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៦ ពួកគេបានឃើញត្រាក់ទ័រចំនួន ៣ គ្រឿង កំពុងលួចធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹក នៅចំណុចទួលកប់ចែស ភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋល្អបានរាយការណ៍ជាបន្ទាន់ទៅកាន់កម្លាំងសមត្ថកិច្ច។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគិរី បានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ចាប់ត្រាក់ទ័រទាំង ៣ គ្រឿង រួមទាំងឃាត់ខ្លួនអ្នកបើកបរម្នាក់ នាំយកមកកសាងសំណុំរឿងនៅអធិការដ្ឋានស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយមិនមានការលើកលែងឡើយ។
គួររំលឹកថា ទីតាំងដីព្រៃលិចទឹកនៅចំណុចកប់ចែសនេះ កាលពីប៉ុន្មានខែមុន ក៏ធ្លាប់ត្រូវបានក្រុមជនខិល ខូចលួចបញ្ជាត្រាក់ទ័រមកឈូសឆាយអស់ជាច្រើនហិកតារួចមកហើយ បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជម្រកមច្ឆជាតិ និងធនធានធម្មជាតិ។
មហាជនបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការរហ័សរបស់សមត្ថកិច្ច និងទាមទារឱ្យតាមដានមេខ្លោងនៅពីក្រោយ ដើម្បីនាំមកផ្តន្ទាទោសឱ្យបានធ្ងន់ ធ្ងរបំផុត ជាគំរូដល់អ្នកដទៃដែលហ៊ានបំពានច្បាប់៕

