មណ្ឌលគិរី៖ ក្រពើភ្នំចំនួន១០ក្បាល (ក្នុងនោះមានញី ៩ក្បាល និងឈ្មោល ១ក្បាល) ត្រូវបានលែងចូលទៅក្នុងទន្លេស្រែពក ក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។ ពិធីនេះ គឺជាសកម្មភាពអភិរក្សដ៏សំខាន់ ដើម្បីបង្កើនចំនួនប្រជាសត្វក្រពើភ្នំនៅក្នុងតំបន់ការពារធម្មជាតិ។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិ ស្ថាន និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួម រួមទាំងឯកឧត្តម ងិន សុវិមាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី។
ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា «កិច្ចការអភិរក្សក្រពើភ្នំប្រភេទសត្វជិតផុតពូជនៅលើពិភពលោក កន្លងមកបានទទួលលទ្ធផលជាទីមោទនៈ ដោយបានបង្កើនពូជពង្សក្រពើភ្នំរស់នៅក្នុងប្រទេសកម្ពុជា។ ពិធីលែងក្រពើភ្នំនាពេលនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា អ្នកអភិរក្សជាតិ និងអន្តរជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ»។
ឯកឧត្តមបានបន្ថែមថា ការជ្រើសរើសទន្លេស្រែពក គឺផ្អែកលើការវាយតម្លៃវិទ្យាសាស្ត្រ ដែលបញ្ជាក់ថា តំបន់នេះមានលក្ខខណ្ឌអេកូឡូស៊ីសមស្រប រួមមានប្រព័ន្ធទឹកអចិន្ត្រៃយ៍ ព្រៃជាប់មាត់ទន្លេនៅស្ថានភាពល្អ និងធនធានអាហារគ្រប់គ្រាន់ ដែលអនុញ្ញាតឱ្យក្រពើភ្នំអាចរស់រានមានជីវិត និងបន្តពូជបានយ៉ាងល្អ។
លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានឱ្យដឹងថា រដ្ឋបាលខេត្តគាំទ្រពេញទំហឹងចំពោះការលែងក្រពើភ្នំនេះ និងនឹងបន្តសហការយ៉ាងជិតស្និទ្ធក្នុងការពារ និងអភិរក្សជីវៈចម្រុះនៅក្នុងខេត្ត។
លោកបណ្ឌិត Dipankar Chyau Patnaik នាយកអង្គការ WWF-កម្ពុជា បានថ្លែងថា «ការលែងក្រពើភ្នំចូលទៅក្នុងទីជម្រកធម្មជាតិឡើងវិញនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើនចំនួនសត្វក្រពើភ្នំនៅទន្លេស្រែពក ដើម្បីធានាការរស់រានមានជីវិតរបស់វា និងភាពធន់នៃប្រព័ន្ធអេកូឡូស៊ី សម្រាប់ជីវៈចម្រុះ និងសហគមន៍មូលដ្ឋាន»។
ក្រពើភ្នំទាំង១០ក្បាលនេះ ត្រូវបាននាំមកពីតំបន់ការពារសត្វភ្នំតាម៉ៅ ដោយមានការសហការរវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អង្គការ FFI និង WWF រួមជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ថា កម្ពុជា គឺជាប្រទេសដែលមានចំនួនក្រពើភ្នំច្រើនជាងគេនៅលើពិភពលោក ប្រមាណជាង៣០០ក្បាល ខណៈចំនួនសរុបនៅលើពិភពលោកមានប្រមាណតែ១០០០ក្បាលប៉ុណ្ណោះ៕
