ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីម៉ូតូដែលខ្លួនជិះត្រូវរថយន្ត Lexus LX470 បើកបុកពេញទំហឹង នៅចំណុចផ្លូវបំបែកជា៤ ខណៈដែលគាត់កំពុងជិះម៉ូតូទៅទិញអ្វីមួយឲ្យប្រពន្ធ។
ហេតុការណ៍ដ៏គួរឲ្យសោកស្តាយនេះ បានកើតឡើងកាលពីវេលាម៉ោង៣៖០០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ស្ថិតតាមបណ្តោយផ្លូវ៣១០ កែងផ្លូវ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាក Honda Giorno ពាក់ផ្លាកលេខ ភ្នំពេញ 1LR-9834 កំពុងធ្វើដំណើរ ស្រាប់តែត្រូវរថយន្ត Lexus LX470 ពាក់ផ្លាកលេខ ភ្នំពេញ 2BB-4976 បើកបុកចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះផ្លោងខ្ទប់ និងធ្លាក់ប៉ះខឿនផ្លូវស្លាប់នៅនឹងកន្លែង។
បន្ទាប់ពីបង្កគ្រោះថ្នាក់ អ្នកបើករថ យន្ត Lexus ដែលជាជនជាតិចិន បានព្យាយាមបើករថយន្តរត់គេចខ្លួន ប៉ុន្តែត្រូវប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ ជួយឃាត់ចាប់ប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង និងយករថយន្ត Lexus ព្រមទាំងម៉ូតូមករក្សាទុក ដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយតាមនីតិវិធី។ រីឯសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។
