សៀមរាប៖ លទ្ធផលបឋមនៃការកំណាយបុរាណវិទ្យា បានបង្ហាញពីស្រះបុរាណមួយស្ថិតនៅខាងជើងក្រៅកំពែងព្រះបរមរាជវាំងក្រុងអង្គរធំ ដែលត្រូវបានសន្និដ្ឋានថាកសាងឡើងនៅចុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។
ការស្រាវជ្រាវនេះធ្វើឡើងដោយអាជ្ញាធរជាតិអប្សរា ចាប់តាំងពីខែកុម្ភៈ ដើម្បីសិក្សាប្រព័ន្ធគ្រប់គ្រងទឹកបុរាណ និងតម្លៃប្រវត្តិសាស្ត្រនៃតំបន់ព្រះបរមរាជវាំងអង្គរធំ។
តាមការបញ្ជាក់របស់ក្រុមអ្នកជំនាញ ស្រះលេខ១១ មានរូបរាងចតុកោណកែង សាងសង់ពីថ្មបាយក្រៀម មានទំហំប្រមាណ ៦៥ ម៉ែត្រ គុណ ៣០ ម៉ែត្រ និងមានកំពែងថ្មព័ទ្ធជុំវិញ។
ការកំណាយក៏រកឃើញស្រទាប់ដីល្បាប់ជម្រៅប្រមាណ ៣.៥ ម៉ែត្រ ព្រមទាំងភស្តុតាងស្ថាបត្យកម្ម និងសិល្បៈចម្លាក់ ដែលបង្ហាញពីសកម្មភាពលំហែកាយ និងជីវចម្រុះក្នុងប្រព័ន្ធទឹកបុរាណ។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា លទ្ធផលស្រាវជ្រាវនេះនឹងត្រូវប្រើជាមូលដ្ឋានសម្រាប់ការបន្តកំណាយបន្ថែម និងគម្រោងស្តារស្រះឱ្យដំណើរការឡើងវិញ ដើម្បីបម្រើទាំងការស្រាវជ្រាវ និងទេសចរណ៍នាពេលអនាគត៕
