(ក្រុងហៃគូ, ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦)៖ ក្នុងកម្មវិធីទី៤ នៃដំណើរទស្សនកិច្ចការងារនៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចុះពិនិត្យ និងសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន Hainan Wenhua Tourism Group Co., Ltd. តាមការអញ្ជើញរបស់លោក Chen Yuwan អគ្គនាយកក្រុមហ៊ុន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Hainan Wenhua Tourism Group ដែលបានដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការតភ្ជាប់ និងនាំភ្ញៀវទេសចរចិនមកពីខេត្តហៃណាន ទៅទស្សនាកម្ពុជាយ៉ាងច្រើនកុះករ ក្នុងរយៈពេលកន្លងមក។
ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវចិនដោយការបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងសុវត្ថិភាព។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តជំរុញការផ្សព្វផ្សាយយ៉ាងខ្លាំងក្លា ទៅលើ «យុទ្ធនាការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន» និង «រដូវកាលបៃតង»របស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកាន់កម្ពុជាកាន់តែច្រើន។
ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងចិន ជាពិសេសជាមួយខេត្តហៃណាន នឹងជួយឱ្យវិស័យទេសចរណ៍នៃប្រទេសទាំងពីរ រីកចម្រើន និងរឹងមាំបន្ថែមទៀតនាពេលខាងមុខ។
ក្រុមហ៊ុន Hainan Wenhua Tourism Group គឺជាក្រុមហ៊ុនទេសចរណ៍ធំមួយនៅហៃណាន ដែលមានបទពិសោធន៍លើការរៀបចំដំណើរទេសចរណ៍ក្រុមធំៗ។
