ភ្នំពេញ៖នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង១០ព្រឹក គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សែន សុខ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ ពីលោក លី គីមស៊ាន ព្រះ រាជអាជ្ញារងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យរដ្ឋបាល និងបង្ក្រាបទីតាំងមួយនៅក្នុងខណ្ឌសែនសុខ ដែលជាកន្លែងសង្ស័យផលិត និងចែកចាយលិខិតឆ្លង ដែនចិនក្លែងក្លាយ។
តាមរបាយការណ៍បឋម កម្លាំងជំនាញបានចុះត្រួតពិនិត្យផ្ទះលេខ០៥ ផ្លូវ A០២ បុរីជីបម៉ុង ហ្គ្រេនភ្នំពេញ សុីធី ស្ថិតនៅផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនជាតិចិនសរុប ០៥ នាក់ (ទាំងអស់ជាបុរស)ក្នុងនោះមាន០៣នាក់សង្ស័យកាន់លិខិត ឆ្លងដែនក្លែងក្លាយ។
វត្ថុតាងដែលបានដកហូតមានដូចខាងក្រោម៖ កុំព្យូទ័រយួរដៃ ចំនួន ០១គ្រឿង,លិខិតឆ្លងដែនចិនក្លែង ក្លាយចំនួន ៤៨ក្បាល, ប័ណ្ណការងារជនបរទេសក្លែងក្លាយ ចំនួន ៤៥កាត, ត្រាក្លែងក្លាយចំនួន ០៥ត្រា, ស្ទិកខ័រ បិទបញ្ជាក់សុពលភាពវីសា ចំនួនមួយចំនួន, តាំប៉ុង ពណ៌ក្រហម ចំនួន ០២, ទឹកថ្នាំត្រាពណ៌ក្រហមចំនួន ០៣ដប ។
បើតាមការសាកសួរបឋម ជនសង្ស័យទាំងនេះពាក់ព័ន្ធនឹងបទល្មើស ក្លែងឯកសារសាធារណៈ រួមមាន រក្សាទុក និងផលិតលិខិតឆ្លងដែនក្លែងក្លាយ ប័ណ្ណការងារ ជនបរទេសក្លែងក្លាយ និងទិដ្ឋាការស្នាក់នៅ (វីសា) របស់ជនជាតិចិនក្លែងក្លាយ។
ដោយមានការអនុញ្ញាតពី លោក លី គីមស៊ាន ព្រះរាជអាជ្ញារង កម្លាំងជំនាញបាននាំខ្លួនជនជាតិចិនទាំង៥ នាក់ រួមទាំងវត្ថុតាងទាំងអស់ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់បន្ត។
ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃការបង្ក្រាបទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងក្លែងឯកសាររបស់ជនបរទេសនៅរាជធានីភ្នំពេញ។ សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតដើម្បីរកមនុស្សពាក់ព័ន្ធបន្ថែម៕
