កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់តាំងក្រុមការងារចម្រុះ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្រាវ ជ្រាវជាបន្ទាន់ បន្ទាប់ពីទទួលបានព័ត៌មានថា មានបុគ្គលមួយក្រុមបានចាក់ដីរំលោភចូលចំណីទន្លេយ៉ាងគឃ្លើន។
នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ លោក ជា សុខរិទ្ធ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចម្រុះខេត្ត បានដឹកនាំកម្លាំងចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រែកគន្លង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច។
លទ្ធផលនៃការពិនិត្យរកឃើញថា ម្ចាស់ដីឈ្មោះ ប៉េង ពិសិដ្ឋ និងភរិយាឈ្មោះ ស៊ន សុភា មានទីលំនៅភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពិតជាបានចាក់ដីរំលោភបំពានចូលចំណីទន្លេ ដែជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
ដើម្បីដោះស្រាយករណីនេះ អាជ្ញាធរខេត្តបានដាក់ឱសានវាទរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី២៤ ខែឧសភា រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឱ្យម្ចាស់ដីត្រូវកាយដីដែលបានចាក់រំលោភចូលទន្លេចេញវិញទាំងស្រុង ដើម្បីស្តារទីតាំងឱ្យត្រឡប់ទៅស្ថានភាពដើមវិញ។
អាជ្ញាធរខេត្តក៏បានដាក់ការណែនាំដាច់ខាត៣ចំណុចរួមមាន៖ ១-ត្រូវបញ្ឈប់សកម្មភាពចាក់ដីនៅលើទីតាំងនេះជាបន្ទាន់ និងជាដាច់ខាត។ ២-ត្រូវស្តារ និងរក្សាទីតាំងដីឱ្យស្ថិតក្នុងស្ថានភាពដើម (មុនពេលចាក់ដី)។
៣-ហាមឃាត់ជាដាច់ខាតការសាងសង់សំណង់គ្រប់ប្រភេទនៅលើទីតាំងដីសាធារណៈនេះ។
អាជ្ញាធរខេត្តនឹងបន្តតាមដានការអនុវត្តយ៉ាងម៉ឺងម៉ាត់ប្រសិនបើម្ចាស់ដីមិនព្រមអនុវត្តតាមការណែនាំទេ អាជ្ញាធរនឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។
តាមការបញ្ជាក់ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ផ្អែកតាមអនុក្រឹត្យលេខ៩៨ ចំណីទន្លេត្រូវរក្សាចម្ងាយ ៥០ម៉ែត្រពីច្រាំង។ ទីតាំងដែលចាក់ដីនេះស្ថិតនៅក្នុងចំណីទន្លេទាំងស្រុង ដែលជាដីសាធារណៈរបស់រដ្ឋ។ ទោះបីម្ចាស់ដីសុំច្បាប់ក៏ដោយ អាជ្ញាធរក៏មិនអាចអនុញ្ញាតបានឡើយ។
ការចាក់ដីរំលោភចូលទន្លេ ឬដែនទឹកសាធារណៈ គឺជាអំពើខុសច្បាប់ធ្ងន់ធ្ងរ ដែលផ្អែកតាមច្បាប់ភូមិបាល ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត និងក្រមបរិស្ថាន។ សកម្មភាពបែបនេះបង្កផលប៉ះពាល់អវិជ្ជមានដូចជា ប្រែប្រួលចរន្តទឹក ស្ទះផ្លូវទឹក បាក់ច្រាំង គ្រោះទឹកជំនន់ បំផ្លាញអេកូឡូស៊ី និងបាត់បង់សោភ័ណភាពសាធារណៈ៕
