ភ្នំពេញ៖បុរសជនជាតិវៀតណាមម្នាក់វ័យជាង៤០ឆ្នាំ បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីមែកដើមត្រសេកធំមួយបាក់សង្កត់លើខ្លួន ខណៈដែលកំពុងអង្គុយក្រោមដើមឈើនោះ ដើម្បីស្ងោរពងក្រួចទុក ហូប។
ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង ០៨យប់ ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះកំពុងអង្គុយស្ងោរពងក្រួច នៅក្រោមដើមត្រសេកធំមួយ ស្រាប់តែមានខ្យល់បក់បោកយ៉ាងខ្លាំង បណ្តាលឱ្យមែកឈើធំមួយបាក់ធ្លាក់សង្កត់បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។
ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ សហការជាមួយមន្ត្រីជំនាញផ្នែកចក្ខុវិច័យវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើកំណត់ហេតុ និងពិនិត្យសាកសព។ រួចបានប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
