កោះរ៉ុង៖ ក្រុមអ្នកជ្រមុជទឹកស្ម័គ្រចិត្តចំនួន ១៧រូប បានបង្កើតសមិទ្ធផលគួរឱ្យកោតសរសើរ ដោយប្រមូលឧបករណ៍នេសាទដែលបោះបង់ ចោលក្នុងសមុទ្រ (Ghost Gear) បានសរុបជិតកន្លះតោន ពីតំបន់ស្នូលជីវចម្រុះនៃឧទ្យានជាតិសមុទ្រប្រជុំកោះរ៉ុង។
យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងឱកាស «ទិវា អណ្តើកសមុទ្រពិភព?លោក ឆ្នាំ២០២៦» កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិប តីភាព លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។
ក្រុមអ្នកជ្រមុជទឹកបានបំពេញបេស កកម្មមុជទឹកចំនួន ២លើក ក្នុងរយៈ ពេលសរុបតែ ២ម៉ោង ដោយផ្តោតលើការដកយកឧបករណ៍នេសាទចាស់ៗ ដែលកំពុងគំរាមកំហែងដល់ធនធានជីវចម្រុះ រួមមានផ្កាថ្ម ស្មៅសមុទ្រ អណ្តើកសមុទ្រ និងផ្សោត។
លោកជំទាវ អ៊ឹម រចនា បានមាន ប្រសាសន៍កោតសរសើរដោយក្តីរំភើបថា៖ «ដំណក់ញើស និងការលះបង់កម្លាំងកាយចិត្តរបស់បងប្អូនអ្នកជ្រមុជទឹកទាំង ១៧រូប គឺជាជំហានដំបូងដ៏ជោគជ័យ និងជាគំរូដ៏ល្អក្នុងការដាស់ស្មារតីសាធារណជន ជាពិសេសអ្នកនេសាទ ក្នុងបុព្វហេតុការពារ និងអភិរក្សធនធានជលផលបាតសមុទ្រ»។
លោកជំទាវបានបន្ថែមថា ឧបករណ៍នេសាទដែលធ្លាប់ តែជា «អន្ទាក់មរណៈ» សម្រាប់សត្វសមុទ្រ ត្រូវបានដកចេញជាស្ថាពរ ដែលនេះផ្តល់ជីវិត និងដង្ហើមថ្មីដល់មហាសមុទ្រ។ លោកជំទាវក៏បានសង្កត់ធ្ងន់ថា ឱ្យតែមានការចូលរួមពីគ្រប់ភាគី យើងអាចការពារធនធានធម្មជាតិបានប្រកបដោយចីរភាព។
សមាសភាពនៃយុទ្ធនាការនេះមានការចូលរួមពី លោកអភិបាលរងខេត្តព្រះសីហនុ លោកអភិបាលរងក្រុងកោះរ៉ុង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជលផល ក្រុមហ៊ុនខ្មែរដាយគ្រុប (KDG) អង្គការគាំពារធនធានសមុទ្រ (MRPO) អង្គការសត្វព្រៃ និងរុក្ខជាតិ (F&F) និងមូលនិធិកោះសង្សារ (SSF)។
ទិន្នន័យលម្អិតនៃការប្រមូលបានសរុបឧបករណ៍នេសាទដែលប្រមូលបានមានទម្ងន់ ៤៧០គីឡូក្រាម រួមមាន៖ អួនអូស (Trawl net) ៤០០គីឡូក្រាម, លបនេសាទ (Fishing trap)៣០គីឡូក្រាម,មងក្រឡា (Gill net) ១៥គីឡូក្រាម, សន្ទូចខ្សែវែង (Long line) ៥គីឡូ ក្រាម, ខ្សែសន្ទូច (Fishing line) ៣គីឡូក្រាម, សំណល់ផ្សេងៗ ១៧ គីឡូក្រាម ។
ទិន្នន័យទាំងនេះត្រូវបានកត់ត្រាយ៉ាងលម្អិត ដើម្បីប្រើប្រាស់ជាមូលដ្ឋានវិទ្យាសាស្ត្រសម្រាប់ការរៀបចំផែន ការអភិរក្សសមុទ្ររបស់អគ្គនាយកដ្ឋានជលផល គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ខៀវ និងអេកូទេស ចរណ៍ប្រកបដោយចីរភាព។
