អាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការក្ដៅ បង្ក្រាប Online Scam ក្នុងកាស៊ីណូ «យីងហ័ង» ឃាត់ខ្លួនជនសង្ស័យ ៦៦នាក់

ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) នៅកាស៊ីណូ «យីងហ័ង» ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការណែនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា និងការសម្របសម្រួលពីសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ព្រមទាំងអភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត។

ប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យសរុប ៦៦នាក់ ក្នុងនោះជនជាតិចិន ៦៤ នាក់ និងជនជាតិខ្មែរ ២នាក់។ដកហូតវត្ថុតាងមួយចំនួនធំ រួមមាន៖កុំព្យូទ័រ៦២ គ្រឿង, ទូរស័ព្ទដៃ ៤២៨គ្រឿង, អាវុធខ្លីម៉ាក Glock 19 ចំនួន ១ដើម រួមទាំងគ្រាប់កាំភ្លើង ៨គ្រាប់,លិខិតឆ្លងដែន ២៥ក្បាល, និងវត្ថុតាងពាក់ព័ន្ធផ្សេងៗទៀត។

ក្នុងចំណោមជនដែលត្រូវបានឃាត់ខ្លួន មានមេខ្លោងជនជាតិចិន ៣នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី។ ក្នុងនោះមានឈ្មោះ WANG YU (អ្នកគ្រប់គ្រងកាស៊ីណូ) និង DENG BING (ថៅកែកាស៊ីណូ) ដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារពាក់ព័ន្ធបទល្មើស។

ជនសង្ស័យដែលនៅសេសសល់កំពុងត្រូវបានសាកសួរ និងអនុវត្តនីតិវិធីច្បាប់បន្ត៕