ឧត្តរមានជ័យ៖ រដ្ឋបាលមូលដ្ឋានខេត្តឧត្តរមានជ័យ បានចាត់វិធានការទាន់ពេលវេលា បន្ទាប់ពីរកឃើញម្ចាស់ ហាងកាហ្វេមួយ យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់ពីសង្គ្រាមមកដាក់តាំងក្នុងហាង និងប្រើប្រាស់កេសគ្រាប់ធ្វើជាតុកាហ្វេសម្រាប់ទទួលភ្ញៀវ។
ករណីនេះត្រូវបានគេចាត់ទុកថា ជាសកម្មភាពប្រកប ដោយគ្រោះថ្នាក់ខ្លាំងណាស់ ដោយអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតភ្ញៀវ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានអំពាវនាវកាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះគ្រាប់យុទ្ធភណ្ឌ និងសំណល់សង្គ្រាម។
លោកបានថ្លែងថា៖ «សូមប្រជាពលរដ្ឋទាំងអស់ គប្បីប្រុងប្រយត្ន័ចំពោះគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាមដោយកុំប៉ះពាល់ លើកដាក់ និងជាពិសេសកុំប្រព្រឹត្តិនូវទង្វើប្រកបដោយគ្រោះថ្នាក់ និងខុសច្បាប់បែបនេះ»។
លោក ហេង រតនា បានបញ្ជាក់ថា ការរកឃើញ និងដោះស្រាយករណីនេះ គឺជាការឆ្លើយតបរហ័សរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពសាធារណៈ។ លោកក៏បានណែនាំឱ្យប្រជាពលរដ្ឋ ដែលឃើញ ឬដឹងព័ត៌មានអំពីវត្ថុសង្ស័យជាគ្រាប់មីន ឬគ្រាប់យុទ្ធភណ្ឌ ត្រូវរាយការណ៍ភ្លាមៗទៅកាន់អាជ្ញាធរមូលដ្ឋាន ឬក្រុម CMAC ដើម្បីចុះអន្តរាគមន៍។
បច្ចុប្បន្ន អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតបន្ថែមលើ ករណីនេះ និងនឹងចាត់វិធានការតាមច្បាប់៕

