សម្តេចតេជោ ស្នើឱ្យដកតំណែងអភិបាល ខេត្ត ឬអភិបាលស្រុកណា ដែលមិនចូលរួមក្នុងការបង្ក្រាបអំពើឆបោកតាមអនឡាញ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្រីទីនៃព្រះរាជាណា ចក្រកម្ពុជា បានស្នើឱ្យដកតំណែងអភិបាល ខេត្ត ឬអភិបាលស្រុក ណាដែលមិនចូលរួមក្នុងការបង្ក្រាបអំពើឆបោកតាមអនឡាញ ដោយគ្មានការយោគយល់ឡើយ។

ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជ ធានី ខណ្ឌ សង្កាត់ រួមទាំងមន្ទីរអង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ចំនួនជាង ៤,៣៤៤នាក់ នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា៖ «បើអភិបាលខេត្ត ឬអភិបាលស្រុក ណាដែលមិនចូលរួមក្នុងការអនុវត្តការបង្ក្រាបអំពើឆបោកតាមអនឡាញនេះ គឺស្នើឱ្យដកចេញពីតំណែង ហើយគ្មានការយោគយល់នោះទេ»។

សម្តេចបានបន្តថា ការដកតំណែងនេះ នឹងធ្វើឡើងដោយមិនមានការលើកលែង សូម្បីតែកូនមេដឹកនាំដែលមានគុណសម្បត្តិចំពោះជាតិក៏ដោយ។ សម្តេចបានរំលេចថា កម្ពុជាត្រូវតែបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការបោសសម្អាតទង្វើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឱ្យពិភពលោកបានឃើញ។

លើសពីនេះ សម្តេចតេជោក៏បានណែនាំឱ្យដកចៅហ្វាយខេត្ត មេនគរបាល និងមេប៉ូលិស ទាំងឡាយណាដែលមិនយកចិត្តទុកដាក់លើបញ្ហានេះ។

ជាពិសេស សម្តេចបានលើកឡើងពីស្ថានភាពនៅខេត្តរតនគិរី ដែលកំពុងមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានផ្តាំផ្ញើដល់អភិបាលខេត្តរតនគិរី អភិបាលខេត្តមណ្ឌលគិរី រួមទាំងមេនគរបាល និងមេកងរាជអាវុធហត្ថដែលទើបតែងតាំងថ្មី ឱ្យចាត់វិធានការតឹងរឹងបំផុត ដើម្បីបង្ក្រាបជម្រក និងក្រុមឆបោកទាំងនេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការប្រឆាំងអំពើឆបោកតាមអនឡាញ គឺជាអាទិភាពសំខាន់របស់រដ្ឋបាលថ្នាក់ ក្រោមជាតិទាំងអស់ ដើម្បីការពារប្រជាពល រដ្ឋ និងកេរ្តិ៍ឈ្មោះរបស់ជាតិ៕