កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម សហការជាមួយមន្ទីរកសិកម្ម រុក្ខវិស័យ និងនេសាទ បានចុះពិនិត្យ និងរៀបចំផែនការត្រួតពិនិត្យការនាំចូលទុរេនក្លែងម៉ាកសម្គាល់ភូមិសាស្ត្រ (GI) និងប្រភពដើម ដែលធ្វើចរាចរណ៍ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ជាពិសេសទុរេនក្លែងឈ្មោះ «ទុរេនបែកអន្លូង»។
ការចុះត្រួតពិនិត្យនេះ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងប្រសិទ្ធភាព និងគុណភាពកសិផលក្នុងស្រុក ដើម្បីការពារផលប៉ះពាល់ដល់កសិករ និងសុខភាពប្រជាពលរដ្ឋ។ បច្ចុប្បន្ន ដំណាំទុរេនក្នុងខេត្តកំពុងដល់រដូវប្រមូលផលជាបណ្តើរៗ។
នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត ដឹកនាំមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យនៅស្រុកស្ទឹងត្រង់។
ក្នុងឱកាសនោះ ឯកឧត្តម ឡោ ចាន់លី បានដាក់ចេញនូវគោលការណ៍ និងវិធានការអនុវត្តជាក់លាក់ដូចខាងក្រោម៖
១. ចុះស្រង់ស្ថិតិម្ចាស់ចំការ ផ្ទៃដីដាំទុរេន និងបរិមាណទិន្នផលផ្លែទុរេនតាមចំការនីមួយៗ។
២. ចុះស្រង់ស្ថិតិអ្នកលក់ផលិតផលផ្លែទុរេនទាំងអស់ក្នុងស្រុក។
៣. កំណត់ឱ្យម្ចាស់ចម្ការ និងអ្នកលក់ផ្លែទុរេន ត្រូវមានវិក័យប័ត្របញ្ជាក់ចំនួន និងប្រភពច្បាស់លាស់។
៤. បង្កើតក្រុមការងារដើម្បីតាមដាន និងត្រួតពិនិត្យអ្នកដឹកជញ្ជូនទុរេនពីប្រភពខាងក្រៅចូលក្នុងស្រុកស្ទឹងត្រង់ ដើម្បីធ្វើកិច្ចសន្យាអប់រំ និងតម្រូវឱ្យបញ្ជាក់ប្រភពនៃទុរេននាំចូលច្បាស់លាស់ ព្រមទាំងបិទស្លាកសម្គាល់។
៥. ម្ចាស់ចម្ការ និងអ្នកលក់ផ្លែទុរេនត្រូវធ្វើកិច្ចសន្យា ស្តីពីការបិទស្លាកសម្គាល់ប្រភពនៃផ្លែទុរេនរបស់ខ្លួន ដើម្បីជៀសវាងការក្លែងបន្លំ។
៦. សហគមន៍ទុរេនបែកអន្លូង ផ្តល់កិច្ចសហការក្នុងការរាយការណ៍ និងផ្តល់ព័ត៌មានអំពីជនល្មើសដែលក្លែងបន្លំនាំចូល និងចែកចាយទុរេនមានប្រភពពីខាងក្រៅ (ដាក់ឈ្មោះជា «ទុរេនបែកអន្លូង») ក្នុងទឹកដីស្រុកស្ទឹងត្រង់។
៧. ក្រុមការងារនឹងចាប់ផ្តើមអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ តទៅ។
ការវិធានការនេះ មានគោលបំណងការពារកេរ្តិ៍ឈ្មោះទុរេនបែកអន្លូង ដែលជាផលិតផលមានម៉ាកសម្គាល់ភូមិសាស្ត្រ រួមទាំងការពារប្រជាពលរដ្ឋពីទុរេននាំចូលដែលមិនមានគុណភាព និងអាចប៉ះពាល់ដល់សុខភាព។
អាជ្ញាធរខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមសហការ និងផ្តល់ព័ត៌មានភ្លាមៗ បើមានករណីក្លែងបន្លំទុរេននៅក្នុងស្រុកស្ទឹងត្រង់។
