ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានណែនាំ ដល់ម្ចាស់រោងចក្រ សណ្ឋាគារ ផ្ទះសំណាក់ និងបន្ទប់ជួលគ្រប់ប្រភេទ ចូលរួមសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធក្នុងការប្រយុទ្ធទប់ស្តាត់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam.Online)

កំពង់ឆ្នាំង៖ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងប្រធានគណៈបញ្ជាការឯកភាពខេត្ត បានណែនាំដល់ម្ចាស់រោងចក្រ សណ្ឋាគារ ផ្ទះសំណាក់ និងបន្ទប់ជួលគ្រប់ប្រភេទ ឱ្យចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) កុំឱ្យកើតមានក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានធ្វើការណែនាំបែបនេះ ក្នុងឱកាសដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យសង្វាក់ផលិត កម្មនៅតាមរោងចក្រមួយចំនួន និងសំណេះសំណាលជាមួយកម្មករនិយោជិត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តមបានគូសបញ្ជាក់ថា ម្ចាស់អាជីវកម្មទាំងអស់ដែលមានទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ដែលកំពុងតែជាបញ្ហាស្មុគស្មាញនៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់កម្មករ កម្មការិនី ឱ្យមានការថែទាំសុខភាពឱ្យបានល្អ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវផងដែរ។

ការចុះពិនិត្យ និងសំណេះសំណាលនេះ មានការចូលរួមពី ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោកព្រះរាជអាជ្ញារង លោកអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមទាំងលោកអភិ បាលក្រុង ស្រុក និងប្រធានមន្ទីរពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានណែនាំឱ្យម្ចាស់រោងចក្រ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងបន្ទប់ជួលគ្រប់ប្រភេទ ត្រូវអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីរក្សាសុខសន្តិភាព និងសុវត្ថិភាពសង្គមក្នុងខេត្តកំពង់ឆ្នាំង។