អភិបាលខេត្តកណ្ដាល ប្រកាសផ្ដល់រង្វាន់ ២លានរៀល ដល់អ្នកផ្ដល់ព័ត៌មាន Online Scam

កណ្ដាល៖ លោក គួច ចំរើន អភិបាល ខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានប្រកាសផ្ដល់ប្រាក់រង្វាន់ចំនួន ២លានរៀល ដល់ ជនណាដែលផ្ដល់ព័ត៌មានអំពីទីតាំងប្រព្រឹត្តិឧក្រិដ្ឋកម្ម Online Scam ក្នុងខេត្តកណ្ដាល។

លោកអភិបាលខេត្តក៏បានធានាថា នឹងរក្សាការសម្ងាត់ ជូនដល់អ្នកផ្ដល់ព័ត៌មាន រហូតដល់ការបង្ក្រាបជោគ ជ័យ។

តាមរយៈទំព័រហ្វេសបុកផេកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃអង្គារ ទី២៦ ឧសភា ឆ្នាំ២០២៦ លោក គួច ចំរើន បានសរសេរថា៖ «ខេត្តកណ្ដាល ខ្មែរស្នេហាជាតិណា ផ្ដល់ព័ត៌មានជាសម្ងាត់ដល់យើងខ្ញុំ អំពីទីតាំង និងការប្រព្រឹត្តិ Scam Online ក្នុងខេត្តកណ្ដាល ឈានទៅបង្ក្រាបបាន ខ្ញុំបាទជូនរង្វាន់ ២លានរៀល និងរក្សាការសម្ងាត់ជូន»។

ការប្រកាសរបស់លោកអភិបាលខេត្តនេះ ត្រូវបានគេមើលឃើញថា ជាសារសំខាន់មួយក្នុងការជំរុញឱ្យប្រជាពលរដ្ឋចូលរួមសហការ និងផ្ដល់ព័ត៌មានដើម្បី ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនតាមអនឡាញ ដែលកំពុងប៉ះពាល់ដល់សន្តិសុខសង្គម និងសេដ្ឋកិច្ចជាតិ។

បច្ចុប្បន្ន អាជ្ញាធរខេត្តកណ្ដាល កំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើបញ្ហា Online Scam ដែលតែងតែប្រព្រឹត្តិនៅតាមទីតាំងមួយចំនួនក្នុងខេត្ត។