ភ្នំពេញ៖ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កងកម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យរដ្ឋបាលជនបរទេស និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងខណ្ឌទាំងបី រួមមានខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងខណ្ឌច្បារអំពៅ។
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ អភិបាលរងរាជធានីភ្នំពេញចំនួន៣រូប រួមមានលោក ហ៊ុន សុរិទ្ធី លោក ឯក ឃុនឌឿន និងលោក អឹម រ៉នហាស្សាន់ រួមជាមួយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងសមត្ថកិច្ចស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលជនបរទេស នៅទីតាំង៣កន្លែង។
ទីតាំងទី១ ខណ្ឌសែនសុខ នៅផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី កម្លាំងសមត្ថកិច្ចបានរកឃើញជន ជាតិចិនចំនួន៣២នាក់ (ក្នុងនោះគ្មានលិខិតឆ្លងដែន១៧ នាក់ និងសង្ស័យលិខិតឆ្លងដែនក្លែងក្លាយ១នាក់) និងជនជាតិម៉ាឡេស៊ី១នាក់។ ជនបរទេសទាំង៣៣នាក់បានរត់ពួនគេចវេះ មិនសហការជាមួយសមត្ថកិច្ច និងស្នាក់នៅដោយខុសច្បាប់។
ទីតាំងទី២ ខណ្ឌឫស្សីកែវ នៅខុនដូរ SKY TREE អគារ A, B, C ស្ថិតនៅសង្កាត់ទួលសង្កែទី២ កម្លាំងបានបង្ក្រាបទីតាំងមួយពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។
សមត្ថកិច្ចបានរកឃើញជនបរទេសសរុប៣១នាក់ រួមមាន៖
– ជនជាតិចិន ១៦នាក់
– ជនជាតិចិនតៃវ៉ាន់ ០១នាក់
– ជនជាតិស្រីលង្កា ០៩នាក់ (ស្រី០៤នាក់)
– ជនជាតិឥណ្ឌា ០១នាក់
– ជនជាតិប៉ាគីស្ថាន ០៤នាក់ (ស្រី០១នាក់)
ជនបរទេសទាំងអស់ស្នាក់នៅដោយខុសច្បាប់ និងលើសទិដ្ឋាការ។ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងជាច្រើនរួមមាន កុំព្យូទ័រ All-in-One ៤គ្រឿង, កុំព្យូទ័រយួរដៃ ២១គ្រឿង, ទូរស័ព្ទដៃ ១០៤គ្រឿង និងលិខិតឆ្លងដែន ០៩ក្បាល។
ទីតាំងទី៣ ខណ្ឌច្បារអំពៅ នៅផ្ទះលេខ៧៧ ផ្លូវ S-02 បុរីប៉េងហួត ភូមិស្វាយតាអុក សង្កាត់វាលស្បូង សមត្ថកិច្ចបានរកឃើញជនជាតិចិនចំនួន២០នាក់ (គ្មានលិខិតឆ្លងដែន១០នាក់) ដែលជាទីតាំងប្រមូលផ្តុំស្នាក់នៅដោយខុសច្បាប់។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ បន្តពង្រឹងការត្រួតពិនិត្យជនបរទេសឱ្យបានទៀងទាត់ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។
ជនបរទេសទាំងអស់ រួមទាំងវត្ថុតាងសង្ស័យ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់។
