មន្ត្រីឧទ្យានុរក្ស ដឹកនាំកងកម្លាំង ចុះប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅស្រុកវាលវែង
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សនៃការិយាល័យឧទ្យានជាតិ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយការគាំទ្រពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ចុះប្រតិបត្តិការស្រាវជ្រាវ និងរុករកបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង។
បើតាមសេចក្តីប្រកាសព័ត៌មាន ក្រុមប្រតិបត្តិការបានដកហូតវត្ថុតាងមួយចំនួន រួមមាន រណាយន្ត និងឈើអារ ដែលជាភស្តុតាងនៃបទល្មើសពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ។ វត្ថុតាងទាំងនេះត្រូវបាននាំយកទៅរក្សាទុក ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងការអភិរក្សធនធានធម្មជាតិ និងបង្ក្រាបរាល់សកម្មភាពខុសច្បាប់នៅតំបន់ព្រៃឈើ។
សូមអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមសហការរាយការណ៍រាល់សកម្មភាពបទល្មើសធនធានធម្មជាតិ ដើម្បីរួមគ្នាការពារធនធានធម្មជាតិរបស់ជាតិ។
