កំពង់ចាម៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ខណ្ឌរដ្ឋ បាលជលផលកំពង់ចាម សហការជាមួយកម្លាំងសមត្ថ កិច្ចចម្រុះបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ឃាត់ខ្លួនបុរសម្នាក់ និងរឹបអូសឧបករណ៍ផលិតឆក់ត្រីបានយ៉ាងច្រើន។
តាមប្រភពព័ត៌មានពីខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានឱ្យដឹងថា កម្លាំងចម្រុះដឹកនាំដោយ លោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចនៃអគ្គនាយកដ្ឋានជលផល រួមជាមួយអធិការរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកព្រៃឈរ កម្លាំងអាវុធហត្ថស្រុកព្រៃឈរ អាជ្ញាធរឃុំជ្រៃវៀន និងប៉ុស្តិ៍រដ្ឋបាលឃុំជ្រៃវៀន បានចុះប្រតិបត្តិការបង្ក្រាបនៅភូមិត្រពាំងអំពិល ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ប្រតិបត្តិការនេះធ្វើឡើងដោយមានការសម្របសម្រួល ពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងបានឃាត់ខ្លួនបុគ្គលមួយនាក់ឈ្មោះ សេង ប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
វត្ថុតាងដែលត្រូវបានរឹបអូសមាន៖ឧបករណ៍ឆក់ក្តៅ (អាំងវែកទ័រ) ចំនួន ១០គ្រឿង, ឧបករណ៍ត្រជាក់ (អាំង វែកទ័រ) ចំនួន០២គ្រឿង, ប្រអប់ដុំឧបករណ៍ឆក់ក្តៅ ចំនួន ០៦គ្រឿង, បន្ទះដែក E ចំនួន ០៤កេស (០៣ កេសតូច និង ០១កេសធំ), បន្ទះដែកញ៉ូម ចំនួន ២០ សន្លឹក, ខ្សែទង់ដែង ចំនួន០១ដុំ និងខ្សែលួសទង់ដែងចំនួន០៥ដុំ, ដង្កៀបចំនួន ០២ថង់ ។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីជលផល។
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ សូមបញ្ឈប់ការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដូចជាភ្លើងឆក់ ដើម្បីអភិរក្សធនធានត្រី និងធានាឱ្យមាននិរន្តរភាពនៃវិស័យជលផលសម្រាប់មនុស្សជំនាន់ក្រោយ។
