ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងដាក់ពង្រាយភ្លើង ស្តុបថ្មីចំនួន២៤ទីតាំងនៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ឆ្ពោះកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងបង្កើនសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគិតគូរខ្ពស់លើការងារនេះ ដោយបានចង្អុលបង្ហាញឱ្យក្រុមការងាររៀប ចំធ្វើកិច្ចការឱ្យបានល្អ លឿន និងមាន ប្រសិទ្ធភាពខ្ពស់បំផុត។
បច្ចុប្បន្ន សម្ភារៈភ្លើងស្តុប និងឧបករណ៍ពាក់ព័ន្ធទាំងអស់ ត្រូវបានដឹកជញ្ជូនទៅដល់ទីតាំងដំឡើង និងកំពុងត្រូវបានបំពាក់នៅតាមទីតាំងដែលបានកំណត់។ ទីតាំងទាំងនេះត្រូវបានសិក្សាយ៉ាងត្រឹមត្រូវ និងច្បាស់ លាស់ដោយក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹក ជញ្ជូន សហការជាមួយភាគីជប៉ុន។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មិនត្រឹមតែគ្រាន់ តែដាក់ភ្លើងស្តុបប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបំពាក់បន្ថែមផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ ចំណាំងផ្លាត និងឧបករណ៍សុវត្ថិភាពចរាចរណ៍ផ្សេងៗទៀត ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់បំផុត។
ការដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍នេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការលើកកម្ពស់សុវត្ថិភាពផ្លូវគោក និងធានាឱ្យប្រជាពល រដ្ឋធ្វើដំណើរបានដោយសុវត្ថិភាព និងសម្រួល។





