កម្លាំងបង្ក្រាបបទល្មើសនេសាទ បង្ក្រាបទូកអូសខ្ចៅខុសច្បាប់ចំនួន៩គ្រឿង ឃាត់ខ្លួនអ្នកនេសាទ១៥នាក់ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ទិសទី២ ស្រុកបរិបូរណ៌ សហការជាមួយកម្លាំងយោធភូមិភាគទី៥ បានធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់យ៉ាងសកម្ម ដោយឃាត់ខ្លួនអ្នកនេសាទចំនួន១៥នាក់ និងដកហូតទូកអូសខ្ចៅខុសច្បាប់ចំនួន៩គ្រឿង។

តាមប្រភពព័ត៌មានពីកម្លាំងជំនាញបានឱ្យដឹងថា កម្លាំងបានធ្វើការល្បាតរុករកបទល្មើសនៅចំណុចព្រែកតាពេជ្យ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ខណៈពេលដែលអ្នកនេសាទកំពុងប្រើម៉ាស៊ីនអូសខ្ចៅខុសច្បាប់ក្នុងរដូវបិទនេសាទ។

លទ្ធផលនៃប្រតិបត្តិការ កម្លាំងបានឃាត់ខ្លួនអ្នកនេសាទចំនួន១៥នាក់ រួមទាំងទូកចំនួន៩គ្រឿង។ ក្រោយពីធ្វើការអប់រំ និងណែនាំ ព្រមទាំងធ្វើកិច្ចសន្យាមិនឱ្យបន្តប្រព្រឹត្តបទល្មើសម្ដងទៀត កម្លាំងបានដកហូតទូកទាំង៩គ្រឿង និងសម្ភារៈនេសាទខុសច្បាប់មួយចំនួន រក្សាទុកនៅស្នាក់ការកងពលតូចថ្មើរជើងលេខ៥១។

ដោយឡែក ខ្ចៅដែលបានដកហូតបានសរុបប្រមាណ ១៥០០គីឡូក្រាម ត្រូវបានកម្លាំងរំដោះប្រលែងចូលទៅក្នុងទន្លេធម្មជាតិវិញ ដើម្បីធានាបាននូវធនធានជលផល និងអភិរក្សបរិស្ថាន។

ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃការពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងនេសាទ របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងការប្រើប្រាស់ឧបករណ៍ហាមឃាត់ក្នុងរដូវបិទនេសាទ។