ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន ០៣នាក់ ករណីកាន់កាប់អាវុធដោយគ្មានច្បាប់អនុ ញ្ញាត មានសម្ភារសង្ស័យអាចធ្វើសកម្មភាពចាប់ជំរិត និងរក្សារទុកដោយខុសច្បាប់នូវសារធាតុញៀន។
ការឃាត់ខ្លួននេះបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនាថ្ងៃទី២០ខែសីហាវេលាម៉ោង២០នឹង០០នាទីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌកំបូលបាន ត្រួតពិនិត្យអាវុធជាតិផ្ទះនៅចំណុចផ្លូវជាតិលេខ៤ដោយធ្វើការ ត្រួតពិនិត្យរថយន្ត១គ្រឿងម៉ាកToyota Alphardបើកបរដោយជនជាតិខ្មែរនៅក្នុងរថយន្តមានគ្នាចំនួន ០២នាក់ ខណៈនោះសមត្ថកិច្ចបានឆែកឃើញក្នុងរថយន្តមានកាបូបខ្មៅ១មានសម្ភារៈ មួយចំនួនអាចជាមធ្បោបាយសម្រាប់ចាប់ជំរិតទើបសមត្ថកិច្ចបានសួរនាំជនជាតិខ្មែរទាំងនេះ ហើយបន្តស្រាវជ្រាវលុះដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៥ និង ៣០នាទី សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ០៣នាក់ នៅផ្ទះលេខC០៥ ផ្លូវលេខ០១ បុរីអេស អិន អូ ភូមិរំដួលជើង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ អាវុធខ្លី ០១ដើមម៉ាក ZORAKI M906T លេខ A3YZR17YSO1-2400144 ,បង់ចំនួន ០១ ,គ្រាប់ចំនួន ០៤គ្រាប់ លេខ៣២, ស៊ីឡង់សឺចំនួន ០១,កុំព្យូទ័រលេបថប ចំនួន ០១គ្រឿង ,ទូរស័ព្ទដៃ ចំនួន ០៤គ្រឿង , ជញ្ជីងសម្រាប់ថ្លឹង. ថ្នាំញៀនចំនួន០២ គ្រឿង (តូច ០១,ធំ ០១),លេបថប ចំនួន ០១គ្រឿង ម៉ាកLENOVO ពណ៌ខ្មៅ, ម្សៅក្រាមពណ៌សថ្លាមួយចំនួនតូច ,ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ឧបករណ៍សម្រាប់ចូកគ្រឿងញៀនចំនួន ០២,PASSPORT ចំនួន ០១,បណ្ណបើកបរចំនួន ០១សន្លឹក,កាតជនជាតិចិនចំនួន ០២សន្លឹក, កាតជនជាតិវៀតណាមចំនួន ០១សន្លឹក,ថង់ប្លាស្ទិចមួយចំនួន បំពង់ទុយោ មួយចំនួន, ដំបងឆក់ចំនួន០២ ខ្នោះចំនួន០២ ស្ព្រាយបាញ់ភ្នែក ចំនួន០៦ កំប៉ុង វិទ្យុទាក់ទងចំនួន០២គ្រឿង ខ្សែរិតពីជ័រ ០១ថង់និងដំបងដែករលាស់០១ផងដែរ។
បច្ចុប្បន្នជនសង្ស័យជនជាតិចិនចំនួន ០៣ នាក់ និងវត្ថុតាងត្រូវបានបញ្ជូន យកមកសាកសួរ និងបន្តនីតិវិធីទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
