សមត្ថកិច្ចបង្ក្រាបសាច់បង្កកនិងទំនិញចម្រុះរាប់តោនឆ្លងអូរព្រំដែនពីប្រទេសថៃចូលកម្ពុជាក្បែរច្រកតំបន់ម៉ាឡៃ

បន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ទំនិញរាប់តោនមានសាច់បង្កក និងទំនិញចាប់ហូយនាំចូលពីប្រទេសថៃឆ្លងអូរព្រំដែនខាងជើងច្រកតំបន់ម៉ាឡៃចំណុចភូមិតាសេកជ្រុំ ឃុំម៉ាឡៃ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថ កិច្ចចម្រុះចុះបង្រ្កាប និងឃាត់ខ្លួនជនពាក់ព័ន្ធជាម្ចាស់ទីតាំងម្នាក់និងរថយន្តមួយគ្រឿង។

តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោមការដឹក នាំរបស់អភិបាលរងខេត្តបន្ទាយមានជ័យ លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ និងមានការសម្របសម្រួលនីតិវិពីព្រះរាជអាជ្ញា អមសាលាដំបងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាការជួញដូរនាំទំនិញពីប្រទេសថៃចូលមកកម្ពុជាតាមការឆ្លងកាត់អូរព្រំដែនចំណុចក្រោយផ្ទះពលរដ្ឋដែលរស់នៅជាប់ អូរព្រំដែនហើយយកមកស្តុបទុកនៅនឹងផ្ទះរបស់ឈ្មោះ ឃុន អឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ស្ថិតនៅក្នុងភូមិតាសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចពុំបានបញ្ជាក់លំអិតអំពីមុខទំនិញទេដោយគ្រាន់តែប្រាប់ថា មានជាប្រភេទសាច់បង្កកសាច់មាន់ ស្លាបមាន់ ប្រហិត ថ្នាំដុសធ្មេញ ប្រេងកូឡា ព្រមទាំងទំនិញចាប់ហួយជាច្រើនមុខទៀតសរុបទាំងអស់ចំនួនបីរថយន្តធំ។

ក្រោយការបង្ក្រាបសមត្ថកិច្ចបានឱ្យម្ចាស់ផ្ទះឈ្មោះ ឃុន អឿន ធ្វើកិច្ចសន្យាឈប់ជួលទីតាំងដាក់ទំនិញទៀតនិងនាំខ្លួនជាមួយរថ យន្តសុីណាពណ៌សមួយគ្រឿង និង ទំនិញ ទាំងអស់យកទៅទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ៕